(ខេត្តព្រះសីហនុ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ រួមជាមួយជាមួយបញ្ជាការឯកភាពខេត្ត បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតវីដេអូ ប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខនៅក្នុងខេត្តព្រះសីហនុ ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់បានភ្លាមៗ ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង ៥លាននាក់ជាង
វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងខេត្តព្រះសីហនុ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅ ក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ជាដើមនៅក្នុងខេត្តព្រះសីហនុ ដែលការពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនទាំង ២នាក់ ធ្វើវីដេអូដើម្បីទាក់ទាញអ្នកចូលមើល ដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។
ឯកឧត្តមអភិបាល ខេត្ត បានបញ្ជាក់បន្ថែមទៀតថាជនសង្ស័យទាំង២នាក់ខាងលើនេះអាចនឹងបណ្ដេញចេញពីប្រទេសកម្ពុជាផងដែរ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខ ខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិត វីដេអូ Live និងសម្ភារបម្រើ ថតវីដេអូមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការទៅ។
តាមនីតិវិធីច្បាប់។ អត្ថបទដោយខ្ញុំបាទ តិល ភស្ត័