ខេត្តព្រះសីហនុ៖ ករណីអគ្គីភ័យមួយបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងបានឆេះ និងខូចខាតទ្រព្យសម្បត្តិទាំងស្រុង ហើយក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសឡើយ ដោយភ្លាមៗនោះផងដែររថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះទៅទាន់ពេលវេលានិងធ្វើការពន្លត់ទាន់សភាពការណ៍។
ដោយយោងតាមប្រភពករណីអគ្គីភ័យខាងលើនេះបានឱ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ងេន ផល្លី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មការនីរោងចក្រញ៉ូស្តារ ហើយក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលឲ្យឆេះផ្ទះមួយខ្នងដែលមាន ទំហំ ទទឹង ៤ម៉ែត្រ x បណ្ដោយ ៦ម៉ែត្រ សង់អំពីដែកប្រក់ស័ង្កសី រួមទាំងខូចខាតសម្ភារៈទាំងស្រុង ដោយស្ថិតនៅក្រុមទី១៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថាក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយបានចេញនៅរថយន្តអគ្គីភ័យចំនួន ២គ្រឿង ក្នុងនោះក៏បានប្រើប្រាស់ទឹកពន្លត់អគ្គីភ័យចំនួន ១គ្រឿង៕ ដោយ : L៤២