ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ

នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង ០០នាទី ប៉ុស្តិ៍ បានបើកកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ និង លើកទិសដៅនាខែបន្ទាប់ នៅចំណតផែកុងតឺន័រ LM១៧។

កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងប៉ុស្តិ៍ លោកនាយផ្នែក លោក នាយរងផ្នែក និងមន្រ្តីក្រោមឱវាទប៉ុស្តិ៍។ ជាកិច្ចចាប់ផ្តើម លោកនាយប៉ុស្តិ៍ បានធ្វើការផ្សេព្វផ្សាយនូវស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការវិភាគមុខងារ និង ការកំណត់របស់ថ្នាក់នាយរងប៉ុស្តិ៍តាមបណ្តាប៉ុស្តិ៍ទាំង១៥ ចំណុះនាយកដ្ឋានច្រកទ្វារទី២, ស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាវិន័យ និងស្មារតីអង្គប្រជុំកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនមន្រ្តីក្រោមឱវាទប៉ុស្តិ៍បានជ្រាប។
ស្របពេលជាមួយគ្នានេះដែរ លោកនាយប៉ុស្តិ៍ ប្រធានអង្គប្រជុំ ក៏បានណែនាំមន្រ្តីក្រោមឱវាទឱ្យធ្វើការ បន្តយកចិត្តទុកដាក់អនុវត្តនូវបទបញ្ជាលេខ៖ ០០៦ ប.ប.ជ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់ក្រសួងមហាផ្ទៃ ស្តីពីវិន័យរបស់កងកំលាំងនគរបាលជាតិ ដោយត្រូវគោរពម៉ោងបំពេញការងារឱ្យបានច្បាស់លាស់ ស្លៀកពាក់ឱ្យបានស្អាតបាត សមរម្យក្នុងនាមជាមន្រ្តីជួរមុខ គោរពគ្នាទៅតាមឋាននុក្រម និងត្រូវកាត់សក់ឱ្យបានខ្លី។ លោកនាយប៉ុស្តិ៍ ក៏បានជម្រុញណែនាំដល់ផ្នែកទាំងបួនក្រោមចំណុះប៉ុស្តិ៍ត្រូវបន្តយកចិត្តទុកដាក់បំពេញ ការងារឱ្យកាន់តែប្រសើរជាងមុន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនោះផ្នែករដ្ឋបាលត្រូវបន្តតានដានពិនិត្យបញ្ជីវត្តមានរបស់មន្រ្តីតាមវេនការងារ វេនប្រចាំការ និងត្រូវធ្វើរបាយការណ៍ប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋានច្រកទ្វារទី២។ ផ្នែកបែបបទ ត្រូវបន្តនិរន្តភាពការងារបំពេញបែបបទចូល-ចេញ និង ចូលរួមបម្រើសេវាអន្តោប្រវេសន៍ប្រកបដោយភាពញញឹម រួសរាយ រាក់ទាក់ អាកប្បកិរិយាស្លួតបូតជូនភ្ញៀវជាតិ និងអន្តរជាតិដែលឆ្លងកាត់តាមមាត់ច្រកប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងប្រកបដោយក្រមសីលធម៌វិជ្ជាជិវៈ ជៀសវាងភាពអសកម្មនានាដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អង្គភាព ជាពិសេសសេចក្តីថ្លៃថ្នូររបស់មន្រ្តីនគរបាលជាតិ។ ជាមួយគ្នានេះដែរ ផ្នែកបែបបទត្រូវធ្វើការបញ្ជូលនូវរាល់ទិន្នន័យរបស់អ្នកដំណើរដែល ឆ្លងកាត់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ចំនួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវត្តមានរបស់ជនបរទេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយ ជាពិសេសទៀតក៏ត្រូវចូលរួមធ្វើបែបបទតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច នៅកំពង់ផែ(Port EDI) ឱ្យបានលឿន និងទាន់ពេលវេលាផងដែរ។ ផ្នែកអមការពារនាវា ត្រូវចុះទៅអមការពារនាវាឱ្យបានទៀងទាត់ និងទាន់ពេលវេលា និងត្រូវចូលរួមថែរក្សាឱ្យបាននូវសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិនៅលើនាវានិងត្រូវរាយការណ៍ជាបន្ទាន់នូវរាល់បញ្ហាដែលបានកើតមានឡើងនៅលើនាវាទៅតាមឋានានុក្រម។ ចំណែកផ្នែកការពារគោលដៅ ត្រូវប្រចាំការនៅតាមគោលដៅឱ្យបានជាប់ជាប្រចាំ និងត្រូវកត់ត្រាចូលទៅក្នុងសៀវភៅ រាល់មនុស្សនិងមធ្យោបាយចូលចេញ ដើម្បីចូលរួមចំណែកក្តាប់ឱ្យបាននូវសភាពការណ៍ ក៏ដូចជាការអនុវត្ត នូវតួនាទីនិងភារកិច្ចដែលស្របទៅនឹងអនុក្រឹត្យលេខ៖ ៦៤។
ជាចុងបញ្ជប់ លោកនាយប៉ុស្តិ៍ ប្រធានអង្គប្រជុំ ក៏បានណែនាំ ដាស់តឿន រំលឹក ដល់មន្រ្តីប៉ុស្តិ៍ឱ្យចូលរួម ថែរក្សាបរិស្ថាននៅអង្គភាព ក៏ដូចជានៅក្រៅអង្គភាព និងលេងកីឡាដើម្បីសុខភាព ដើម្បីជៀសឆ្ងាយពីការ ប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀននេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល ហើយចំពោះមន្រ្តីដែលប្រើប្រាស់គ្រឿងញៀនត្រូវសិក្សាតាមស្វ័យសិក្សាខ្លួនឯងដើម្បីផ្តាច់គ្រឿងញៀនបើមិនដូចនេះទេ នោះនឹងមិនអនុញ្ញាតនៅក្របខណ្ឌនគរបាលជាតិទៀតឡើយ។ ហើយ លោកនាយប៉ុស្តិ៍ ក៏បានជម្រុញ និងលើកទឹកចិត្តឱ្យមន្រ្តីក្រោមឱវាទប៉ុស្តិ៍ទាំងអស់បន្តអភិវឌ្ឍសមត្ថភាព និងការងារជំនាញឱ្យស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសត្រូវឈ្វេងយល់ និងសិក្សាបន្ថែមពីភាសារបទេស និងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា និងការងារជំនាញតាមរយៈនៃការអានសៀវ ភៅជំនាញច្រកទ្វារ ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានខិតខំប្រឹងប្រែងតាក់តែងឡើង។

Leave a Reply

Your email address will not be published. Required fields are marked *