ព័ត៌មានជាតិ

ហេតុដែលនាំឲ្យព្រះសម្មាសម្ពុទ្ធមិនចង់សម្ដែងធម៌ក្រោយពេលត្រាស់ដឹង

ព្រះធម៌៖ [៤២]ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា គួរតែ តថាគតសំដែងធម៌ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលតថាគតត្រាស់ដឹងហើយនេះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយក្រ ត្រាស់ដឹងតាមបានដោយក្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែលបុគ្គលត្រិះរិះយកឯងមិនបាន ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន ក៏ពួកសត្វនេះ មានអាល័យ គឺកាមគុណ ជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែលមានកាមគុណនេះជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈ ដែលពួកសត្វមានកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ ឃើញបានដោយក្រ ធម៌ដែលជាគ្រឿងរម្ងាប់នូវសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងក៏ជាឋានៈ ដែលពួកសត្វឃើញបានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃក៏មិនគប្បីដឹងច្បាស់បាន សេចក្តីលំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀនកាយនោះ នឹងមានដល់តថាគត ។
ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះ មានសេចក្តីដំណាលថា គាថាទាំងឡាយនេះ ដ៏ចំឡែក ដែលព្រះពុទ្ធវិបស្សី ទ្រង់មិនធ្លាប់បានឮក្នុងកាលមុន ក៏ច្បាស់ប្រាកដ ដល់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធថា
ឥឡូវនេះ តថាគតគួរនឹងសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងដោយកម្រ សត្វទាំងឡាយ ដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនងាយនឹងត្រាស់ដឹងធម៌នេះបានឡើយ ។ សត្វទាំងឡាយ អ្នកត្រេកត្រអាល ដោយរាគៈ ដែលគំនរនៃងងឹត គឺអវិជ្ជា កំពុងចាក់ស្រែះ មុខជានឹងមិនឃើញធម៌ ដែលនាំសត្វឲ្យដល់នូវព្រះនិព្វាន ជាធម៌ល្អិតសុខុម ជ្រាលជ្រៅ ដែលសត្វឃើញដោយកម្រ ។
[៤៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ពិចារណាឃើញ ដោយសេចក្តីត្រិះរិះដូច្នេះហើយ ព្រះហឫទ័យ ឱនទៅរកសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ ។ (សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ លេខ១៦/ទំព័រ៧៦) ។ L-04
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *