ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី អញ្ជើញធ្វើការអប់រំក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរ និងអាណាព្យាបាលនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ផងដែរថាក្រុមក្មេងទំនើងចំនួន ៣ក្រុម ដែលមានគ្នាចំនួន ១៦នាក់ ស្រី ០១នាក់ បានជិះម៉ូតូចំនួន ០៧គ្រឿងជិះចូលសាលាអនុវិទ្យាល័យទំនប់រលកថ្មី ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ហើយបានធ្វើសកម្មភាពវាយសិស្សសាលាដែលកំពុងអង្គុយលើម៉ូតូមិនដឹងខ្លួនបណ្តាលឱ្យសិស្ស ០២នាក់រងរបួស និង ០៣នាក់ទៀតរត់រួចខ្លួន។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងមានដូចជាក្រុម GF. PL .BT. FMF បានប្រព្រឹត្តអំពើដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុសឆ្គងបង្កភាពអាម៉ាស់ដល់សង្គមជាតិ ក៏ដូចជាឪពុក ម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេសជាតិ និងខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឱ្យក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន។ ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឲ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចក្រុមគ្រួសារផងដែរ យើងត្រូវគិតឱ្យច្បាស់មុននឹងធ្វើអ្វីមួយ ហើយសកម្មភាពដែលក្មួយបានធ្វើជាអំពើដែលសង្គមស្អប់ខ្ពើមជាទីបំផុត ។
ឯកឧត្តម អភិបាលខេត្តស្តីទី បានបញ្ចាក់ថា ឪពុកម្តាយឱ្យក្មួយៗចូលសាលាដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ ការបង្កើតក្រុមត្រូវជ្រើសរើសក្រុមដែលមានភាពត្រឹមត្រូវ រួមគ្នាសិក្សាអ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះដែលជាផលប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍប្រទេសរបស់យើង មិនត្រូវបង្កើតក្រុមដើរបង្កអសន្តិសុខដល់សង្គមនោះទេដែលគេស្អប់ខ្ពើម ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយៗត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តស្តីទី ស្នើឱ្យអាណាព្យាបាល នាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិនបើមិនចូលសាលាត្រូវរាយការណ៍ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត ដើម្បីធានាថា កូនរបស់អស់លោកបានធ្វើការកែខ្លួនឱ្យមានគុណតម្លៃដល់ក្រុមគ្រួសារ និងឱ្យអាណាព្យាបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ ប្រសិនបើនៅតែបន្តបង្កើតក្រុមបក្សពួក ប្រើអំពើហឹង្សាលើកក្រោយមិនមានការលើកលែងនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ព្រមទាំងស្នើសុំឱ្យអាណាព្យាបាលត្រូវធានាកូនយកទៅវិញ និងបន្តខិតខំអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ និងអនុវត្តវិធានការអប់រំឱ្យបានហ្មត់ចត់៕ ដោយ : តិល ភស្ត័