(ព្រះសីហនុ)៖ លោក ស៊ុន ជីវលី បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងជួយពន្លឿនសំណុំរឿងដែលបានកើតឡើងជាង១០ខែមកហើយ ដល់រូបលោក ព្រមទាំងម្តាយលោកផង ដើម្បីអោយវិញ្ញាណខន្ធ ម្តាយលោក បានទៅកាន់សុខគតិភពផងចុះ បន្ទាប់ពីលោកបានជួបរឿងអយុត្តិធម៌ ដែលត្រូវបងស្រីបង្កើតទាំងពីរបានបញ្ចុះបញ្ចូលសាច់ញាតិ រួមទាំងសាច់ថ្លៃ និងបក្ខពួក ឱ្យសម្រុកចូលមកក្នុងពិធីបុណ្យសព និងគេហដ្ឋានលោកដោយហិង្សា បានធ្វើការវាយដំលើរូបលោក និងបងស្រីធម៌ឈ្មោះ ចំរើន រតនា នាថ្ងៃកើតហេតុ ដើម្បីដណ្តើមសពម្តាយយកទៅបញ្ចុះយកហុងស៊ុយដល់ពួកគាត់ ទោះបីជាមានបណ្តាំផ្តាច់ពីម្តាយកាលពីនៅរស់យ៉ាងណាក៏ដោយ ។
លោក ស៊ុន ជីវលី ត្រូវជាកូនពៅនៃសពឈ្មោះ ( ហេង ម៉ាឡាយ) បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខសាលាដំបូង ក៏ដូចជានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ថារូបលោកពិតជាជួបរឿងអយុត្តិធម៌ និងមិនគួរកើតឡើងមកលើរូបលោក ដោយកន្លងមក លោកគឺជាអ្នកដែលបានមើលថែម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាតិមក ដណ្តើមដឹកយកសពទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយកាលនៅរស់ ។
លោកបន្តថា បានជាហ៊ានអះអាងបែបនេះ កាលពីម្តាយរបស់គាត់មុននឹងទទួលមរណភាព រូបគាត់បាន អោយមេធាវី ឈ្មោះ ឈុន ជ្រា ជួយធ្វើលិខិតបណ្តាំទុកជាភ័ស្តុតាង ដោយខ្លាចបងស្រីទាំង២ ដែលបានធ្វើអោយគាត់ឆ្អែតចិត្តមកធ្វើបាបរូបគាត់ ដោយធ្វើជាបណ្តាំទទួលមរតក និងការចាត់ចែងក្នុងពិធីបុណ្យ និងបណ្តាំជាសម្លេងផងដែរ ដោយឲ្យយកសពទៅបញ្ចុះនៅ ស្រុកស្ទឹងហាវ។ ប៉ុន្តែអ្វីៗ គឺពុំមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិ មកចោមរោមគំរាមកំហែងវាយដំមកលើរូបគាត់ អោយព្រមប្រគល់សពម្តាយអោយពួកគេ ក្នុងពិធីបុណ្យសពតែម្តង ព្រោះចង់យកទៅបញ្ចុះនៅកន្លែងផ្សេង។
ស្របពេលជាមួយគ្នានេះ នៅពេលដែលរៀបបញ្ជូនសពម្តាយចេញទៅបញ្ចុះ(តាមបណ្តាំ) ពួកគាត់ក៏បានវាយធ្វើបាបគាត់ សូម្បីតែអាជ្ញាធរស្រុក និងប៉ូលីស សុខចិត្តឈរមើលទាំងភាពអយុត្តិធម៌ បើទោះបីជាគាត់ បិទបណ្តាំម្តាយនៅខាងមុខរោងបុណ្យយ៉ាងណាក្តី គឺពួកគាត់ឆ្លើយថា អាជ្ញាធរយកសម្លេងភាគច្រើន ឯរឿងបណ្តាំជារឿងក្នុងគ្រួសារ។ ត្រង់ចំនុចបងថ្លៃ ប្រើហឹង្សាមកលើរូបលោក ពួកគាត់មើលមិនឃើញទេ តើឯណាទៅយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ដូចនេះ មានតែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសម្តេចពុក សម្តេចម៉ែទេ ដែលអាចផ្តល់យុត្តិធម៌ដល់រូបលោកបាន។
ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ (មានឈ្មោះ ស៊ុន វន្នី និងឈ្មោះ ស៊ុន វណ្ណា) ដែលកំពុងមានជម្លោះជាមួយប្អូនពៅឈ្មោះ ស៊ុន ជីវលី។
គូសបញ្ជាក់ថា ការផ្ទុះសារាយហឹង្សានេះដ៏អយុត្តិធម៌នេះ កើតឡើងនៅក្នុងពិធីបុណ្យសពម្តាយលោក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅភូមិ២ ឃុំទំនប់ថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ដូចនេះ លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយរកយុត្តិធម៌ដល់រូបលោក និងម្តាយគាត់ផង ដើម្បីអោយវិញ្ញាណខណ័្ឌម្តាយលោក បានទៅកាន់សុខគតិភពផងចុះ។
លោក តឹក សិរីវិចិត្រ ជាមេធាវីការពារក្តីឲ្យលោក លោក ស៊ុន ជីវលី និងអ្នកស្រី ចំរើន រតនា បានឲ្យដឹងថា លោកត្រូវបានលោក ស៊ុន ជីវលី និងអ្នកស្រី ចំរើនរតនា ពឹងពាក់រូបលោកដើម្បីធ្វើជាមេធាវីការពារក្តី ក៏ដូចជាការពារសិទ្ធិ ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលកូនក្តីលោកបានដាក់ពាក្យប្តឹងពីបទ “ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទរំលោភលើលំនៅឋាន និងបទរំលោភលើបូរណភាពសាកសព” នោះ គឺត្រូវបានតំណាងអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុសម្រេចតម្កល់ពាក្យបណ្តឹងទុកឥតចាត់ការ ដោយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តំណាងអយ្យការអមសាលាដំបូងដូចនេះ កូនក្តីរបស់លោកបានធ្វើនីតិវិធីដាក់ពាក្យបណ្តឹងបន្តមកកាន់មហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីទាមទារយុត្តិធម៌ ។ មកដល់វេលាព្រឹក និងរសៀលថ្ងៃទី១៩ ខែកញ្ញានេះ លោកបានអមកូនក្តីចូលបំភ្លឺតាមការកោះហៅរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ លើសំណុំរឿងតម្កល់ទុកឥតចាត់ការរបស់សាលាដំបូង និងតាមការកោះហៅរបស់សាលាអយ្យការអមសាលាដំបូងលើសំណុំរឿងហិង្សាដោយចេតនា និងហិង្សាដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដែលត្រូវបានប្តឹងដោយបងស្រីទាំងពីររបស់លោក ស៊ុន ជីវលី មកលើអ្នកស្រី ចំរើន រតនា និងពីសំណាក់ឈ្មោះ លី គៀន ភេទស្រី បងរបស់សពឈ្មោះ ហេង ម៉ាឡា ។ នៅក្នុងសំណុំរឿងនេះ លោកនឹងរៀបចំភស្តុតាងមួយចំនួនបន្ថែមទៀត រួមនឹងសាក្សី ដើម្បីដាក់ជូនតុលាការពិនិត្យ សម្រេច និងសាកសួរបន្ថែមទៅតាមនីតិច្បាប់ ។
យ៉ាងណាមិញចំពោះរឿងក្តីនេះ ក្នុងនាមលោកជាមេធាវីគឺលោកសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងរកយុត្តិធម៌ឲ្យបានពេញលេញ និងត្រឹមត្រូវបំផុតជូនកូនក្តីរបស់លោក៕