ខេត្តកំពង់ឆ្នាំង៖ នៅ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ មនុស្ស ២នាក់ប្តីប្រពន្ឋ ដែលបានបាត់ខ្លួនដោយសារក្រឡាប់កាណូតបាឡាស្មាច់ នៅពុំទាន់ឃើញនៅឡើយនោះទេ។
នៅមុនពេលកើតហេតុ ម៉ោងប្រមាណ៤រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារ មាន៖ ឪពុក ម្ដាយ និងកូនប្រុស បានត្រឡប់ពីចាប់គីង្គក់នៅចំណុចកោះកណ្ដាល ក្នុងភូមិសាស្ត្រ ភូមិអន្លង់កញ្ចុះ ឃុំប្រឡាយ មាស ស្រុកកំពង់លែង វិញ លុះដល់ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ក៏បានជួបនឹងភ្លៀងខ្យល់បោកបក់ជាខ្លាំង បណ្តាលឱ្យការណូតបាឡាស្មាច់ជនរងគ្រោះបាន ក្រឡាប់ ។នៅក្នុងហេតុការណ៍នោះបុរសជាប្ដី ចេះហែលទឹកបានព្យាយាមជួយ សង្គ្រោះប្រពន្ធ ដែលមិនចេះហែល រហូតដល់អស់ដៃ អស់ជើង ក៏បានលិចទៅក្នុងទន្លេបាត់ទៅ។ចំណែកឯកូនប្រុសអាយុ ១២ឆ្នាំចេះហែលទឹកគឺបានហែលឆ្លងមកដល់ច្រាំងរួចខ្លួន។
ជនរងគ្រោះជាប្តីឈ្មោះ រ៉េន រិទ្ឋ អាយុ៣៩ឆ្នាំ ប្រពន្ឋឈ្មោះ អេង យីម អាយុ៤២ឆ្នាំ (ទាំង២នាក់កំពុងបាត់ខ្លួន) ចំណែកកូនប្រុសអាយុ១២ឆ្នាំ បានរួចផុតជីវិតមានឈ្មោះ ប៉ុន បញ្ញាស័ក ។ គ្រួសារជនរងគ្រោះមានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវនិងរុករកទាំងយប់រហូតដល់ព្រឹកថ្ងៃទី២៦ ខែកក្កដានេះ នៅមិនទាន់ឃើញ ជនរងគ្រោះនៅឡើយនោះទេ។ ព័ត៌មាននេះជាសញ្ញាមួយឱ្យបងប្អូនប្រជាពលរដ្ឋរស់តាមដងទន្លេ សូមមានការប្រុងប្រយ័ត្ននារដូវខែវស្សាដែលតែងតែមានខ្យល់ព្យុះបោកបក់ជាខ្លាំង បែបនេះ បើឃើញមេឃមិនអំណោយផល សូមកំចេញទូកកាណូតអី៕
==================
ដោយ: សេង ណាណូ