តាកែវ: នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជា ខេត្តតាកែវ បានអញ្ជើញជូបសំណេះសំណាលជាមួយ បងប្អូនអតីតយុទ្ធកម្ពុជា និងបំពាក់គ្រឿង ឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន មកពីស្រុកកោះអណ្ដែត ស្រុកបូរីជលសារ និងស្រុកគិរីវង់ ចំនួន ៩៥៦នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណអនុវិទ្យាល័យព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកពាក់ព័ន្ធចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណបំផុតចំពោះ បងប្អូនអតីតយុទ្ធជនទាំងអស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។
ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយ ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ និង ចូលរួមជម្រុញកូនចៅរបស់ខ្លួនឲ្យបានចូលសិក្សា និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ។
សូមជម្រាបជូនដែរថា ឯកឧត្តម អ៊ូច ភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានធ្វើការបំពាក់មេដាយឥស្សរិយយស មាស ប្រាក់ ជូនបងប្អូនអតីតយុទ្ធជន ចំនួន ៩៥៦នាក់ និងផ្ដល់ថវិកាមួយចំនួនផងដែរ ៕
ដោយ: សេង ណាណូ