ខេត្តក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កាលពីរសៀលថ្ងៃទី១៨ មិថុនា ២០២៣ បានឆ្មក់បង្ក្រាបដល់ទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅចំណុចត្រពាំងប្ញស្សី ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយដកហូតវត្ថុតាងមួយចំនួនទៅរក្សាទុទុជាបណ្តោះអាសន្ន និងមួយចំនួនទៀតត្រូវដុតកម្ទេចចោលនៅនឹងកន្លែង ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់នោះ ក្រុមអ្នកលេងជល់មាន់ និងលេងល្បែងអាប៉ោងភ្នាល់ គ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលចុះទៅដល់ទីតាំង ក្រុមអ្នកជល់មាន់ទាំងនោះរត់បាតជើងសព្ព្រាត ដោយបន្សល់ទុកម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងជាច្រើនទៀត ។
ទាក់ទិនវត្តុតាងដែលកម្លាំងនគរបាលដកហូតរួមមាន ម៉ូតូចំនួន១៤គ្រឿង កៅអីជ័រចំនួន៤ ចានទ្រនាប់ដាក់ខ្សាច់ សម្រាប់បាញ់អាប៉ោងចំនួន០១,ខ្នាយមាន់ដែក១គូ,កញ្ចក់ជ័ររបាំងមាន់ចំនួន៣,មាន់ជល់ចំនួន៣ក្បាល(ងាប់១),តុឈើចំនួន១,ស្បៃរបាំងសង្វៀនជល់មាន់ចំនួន១ខ្សែ,កន្ត្រកដាក់មាន់យកមកជល់ចំនួន៣,ឡាំងស្នោសម្រាប់ដាក់ភេសជ្ជះចំនួន១។
បច្ចុប្បន្ន សម្ភារវត្ថុតាងខាងលើ បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដោយឡែក កៅអីជ័រ, ស្បៃរបាំង ដុតបំផ្លាញចោលនៅកន្លែង។
ដោយ: សេង ណាណូ