ខេត្តតាកែវ: នៅថ្ងៃ អង្គារ ១០ រោច ខែ ជេស្ធ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ០៣ និង ១០ នាទីទាបភ្លឺ មានករណីប៉ុនប៉ងអំពើលួច កើតឡើងនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿងធុនហុងដាឌ្រីមស្សង់C125 សេរីឆ្នាំ2022 ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AP-7653 ដោយជនសង្ស័យទី ១/.ឈ្មោះ ជា ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ២/.ឈ្មោះ និល បណ្ឌិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងបរិវេណផ្ទះ របស់ជនរងគ្រោះឈ្មោះ ប៉ាត់ ណារ៉ា ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ប៉ុន្តែត្រូវបានម្ចាស់តាមទាន់ស្រែកឆោឡោ ជនសង្ស័យព្យាយាមរត់គេចខ្លួន ក៏ប្រទះនិងសមត្ថកិច្ចកំពុងធ្វើការល្បាតឃាត់ខ្លួនបានតែម្តង។
ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ១/.ឈ្មោះ ជា ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ និង ២/.ឈ្មោះ និល បណ្ឌិត ភេទប្រុស អាយុ ១៦ឆ្នាំ នៅត្រង់ចំណុចភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ: សេង ណាណូ