ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបចាប់ខ្លួនក្រុ

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទី សមត្ថកិច្ចជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

*គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន, ម្សៅកញ្ចប់ចំនួន៩៣កញ្ចប់ សង្ស័យជាគ្រឿងញៀន, ម្សៅពណ៌សចំនួន៤កញ្ចប់តូច និងពណ៌ខៀវចំនួន១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន ១ គ្រឿង, ម៉ូតូចំនួន ១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

*គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ដោយចាប់យកវត្ថុតាងរួមមាន ៖ ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ និងរថយន្តចំនួន ១ គ្រឿង។

*គោលដៅទី៣ វីឡាកូនកាត់បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាងរួមមាន ៖ សំបកកញ្ចប់ (រូបតែ) ចំនួន ១៨ សំបក។

* គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរ ចាប់យកវត្ថុតាង ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)២០១ដុំ ស្មើទម្ងន់ ២០០ គីឡូក្រាម ៣៩៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETMINE) ៤០ដុំ ស្មើទម្ងន់ ៣៩គីឡូក្រាម ៦១៦ក្រាម ។

ប្រតិបត្តិការទាំង៤ទីតាំង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ៖ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ (មេខ្លោង) ។
ចាប់យកវត្ថុតាងសរុបរួមមាន ៖ -មេតំហ្វេតាមីន (ICE) ទម្ងន់ ២០៥គីឡូក្រាម និង៤០៧ក្រាម, -កេតាមីន (KETMINE) ទម្ងន់ ៤០គីឡូក្រាម ២៨១.០៤ក្រាម, -មេតំហ្វេតាមីន (ម្សៅចំរុះពណ៌) ទម្ងន់ ៨២២.៤០ក្រាម ដែលសរុបរួមគ្រឿងញៀនទាំងអស់ទម្ងន់ជាង ២៤៦គីឡូក្រាម និងរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង ទូរស័ព្ទ២គ្រឿង គណនីធនាគារ ៥គណនី និងគណនីធនាគារថៃ ៣គណនី។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


=========================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *