ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទះថ្មមួយខ្នង ត្រូវបានបាក់ស្រុតចូលក្នុងទឹកស្រះរណ្ដៅដី រងការខូចខាតទាំងស្រុង តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្សដោយសារគ្មានអ្នកនៅ…

ព័ត៌មានទាន់ហេតុការណ៍ : ផ្ទះថ្មមួយខ្នង ត្រូវបានបាក់ស្រុតចូលក្នុងទឹកស្រះរណ្ដៅដី រងការខូចខាតទាំងស្រុង តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្សដោយសារគ្មានអ្នកនៅ…

ភ្នំពេញ៖ ផ្ទះល្វែងធ្វើពីថ្ម ដែលបានសាងសង់រស់នៅបានជាង១ឆ្នាំទៅហើយ ស្រាប់តែបាក់ស្រុតដីធ្លាក់ផ្ទះចូលក្នុងទឹកស្រះដ៏ធំ ជារណ្តៅដីចាស់ បណ្តាលឲ្យរងខូចខាត តែមិនបានប៉ះពាល់ដល់មនុស្សទេ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមាត់ស្រះរណ្តៅដីចាស់ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ ចុះទៅជួយអន្តរាគមន៍ រុះរើអីវ៉ាន់ចេញភ្លាមៗ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពៅ ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធឈ្មោះ អេង ភ័ណ្ឌ អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រ មានកូនចំនួន ៣នាក់(ប្រុស១នាក់ ស្រី២នាក់) ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ។ ចំណែកផ្ទះដែលបានបាក់ស្រុត សាងសង់ពីថ្មក្រោមលើគ្រោងដែក ទំហំ៤ម៉ែត្រ x ៨,៥០ម៉ែត្រ។

យោងតាមការឱ្យដឹងពីម្ចាស់ផ្ទះថា ដីរបស់គាត់បានទិញមានទំហំ៤ម៉ែត្រ x ២០ម៉ែត្រ ជាប់ផ្លូវលំ ៤ម៉ែត្រ មាត់ស្រះទឹកខាងលើ ដាក់ដីបំពេញបន្ថែម ហើយបានសាងសង់ផ្ទះ និងបានរស់ជាង១ឆ្នាំមកហើយ។ មុនកើតហេតុ ខណៈដែលនាំគ្នាទៅធ្វើការងារ កូនៗទៅរៀនអស់ ចាក់សោផ្ទះទុកចោល ស្រាប់តែនៅវេលាម៉ោង១២ អ្នកភូមិហៅទូរសព្ទប្រាប់ថា ផ្ទះបានបាក់ស្រុតធ្លាក់ចូលក្នុងទឹកស្រះហើយ។ ពេលមកដល់ឃើញផ្ទះរបស់ខ្លួនដូចនេះ ស្ត្រីម្ចាស់ផ្ទះបានត្រឹមអង្គុយទ្រហោយំនឹកស្តាយផ្ទះ និងគ្មានកន្លែងជ្រកកោណទៀតទេ។

ទោះជាយ៉ាងនេះក៏ដោយ ក្រោយបាក់ស្រុតដីធ្លាក់ផ្ទះចូលក្នុងទឹកស្រះភ្លាមៗ ទាំងអាជ្ញាធរ និងពលរដ្ឋ បាននាំគ្នាជួយរុះរើជញ្ជូនអីវ៉ាន់ចេញ ទោះគ្មានមនុស្សនៅក្នុងផ្ទះនេះក៏ដោយ៕

ដោយ: L.24 SENG Nano.

Leave a Reply

Your email address will not be published. Required fields are marked *