(ខេត្តកណ្តាល)៖ នាព្រឹក ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តសហការស្រាវជ្រាវ រុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល។
ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គៀមនៅប្រទេសកម្ពុជា។
ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមសម្តែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែក ធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងមាន សិទ្ធិសេរីភាព មានសន្តិភាព មានស្ថេរភាពសង្គម រហូតដល់សព្វថ្ងៃនេះ។ សូមដួងព្រលឹង វិញ្ញាណក្ខ័ន្ធកម្មាភិបាល-យុទ្ធជន ដែលបានពលីកម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រកបទៅដោយសេចក្តីស្ងប់ និងបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕
ទំនាក់ទំនងលេខទូរសព្ទ(0969995651/077699595)