(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក Muhammad Tayyab អនុព័ន្ធយោធាប៉ាគីស្ថាន ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន !
នៅក្នុងឱកាសនោះ វរសេនីយ៍ឯក Muhammad Tayyab បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងប៉ាគីស្ថានដែលមានតាំងពីឆ្នាំ១៩៥២ ហើយដែលមកដល់បច្ចុប្បន្ននេះប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងល្អជាមួយគ្នា លោក ក៏បានលើកឡើងពីការចូលរួមចំណែកសហការនៅក្នុងវិស័យការពារជាតិជាមួយកម្ពុជា ក៏ដូចជាការចូលរួមជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា !
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថាន ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការជួយជ្រោមជ្រែងឧបត្ថម្ភជាច្រើនទៀត ដែលផ្ដល់សារៈសំខាន់សម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ លោកក៏បានលើកឡើងពីស្ថានភាពនៅកម្ពុជា ដែលមកដល់បច្ចុប្បន្នកម្ពុជាគ្រប់គ្រងបានល្អនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២២៕
សម្រង់អត្ថបទ ✍️L16