នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា សហការជាមួយអង្គការអាក់សិនអេត ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ៣០ និងដៃគូម្ចាស់ជំនួយ បានរៀបចំសន្និសីទថ្នាក់តំបន់ឆ្នេរ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ។ សន្និសីទនេះត្រូវបានរៀបចំនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត និងកោះកុង ដែលមានអ្នកចូលរួមសរុប ១៥០នាក់។
សន្និសីទថ្នាក់តំបន់ឆ្នេរនេះ គឺដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងដីធ្លី លំនៅឋាន និងធនធានធម្មជាតិកាន់តែល្អប្រសើរឡើង និងពង្រឹងជាប្រចាំលើការអនុវត្តគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដោយផ្ដោតជាសំខាន់លើការដោះស្រាយផលប៉ះពាល់សង្គម និងកិច្ចការពារធនធានបរិស្ថាន ព្រមទាំងការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព។
តាមរយៈសន្និសីទថ្នាក់តំបន់នេះ អង្គការសង្គមស៊ីវិល សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងពិនិត្យ ពិចារណា និងទទួលយកមតិយោបល់ និងធាតុចូលជាយុទ្ធសាស្ត្ររបស់តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើឱ្យច្បាប់ គោលនយោបាយ និងការអនុវត្តកាន់តែមានភាពល្អប្រសើរឡើងថែមទៀត សំដៅលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ៕