នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការស្ថានីយ៍ថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវស្ថានីយ៍ពុកឆ្មា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តការងារនេះប្រកបដោយតម្លាភាព ជាក់ស្ដែងក្រុមការងារនៃស្ថានីយ៍ថ្លឹងយានយន្តនេះ ត្រូវតែមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវគិតថាជាសាច់ញាតិ ក្រុមបក្សពួក ឬអ្នកធ្លាប់ស្គាល់ឡើយ ជារួមគឺគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ដែលបានកំណត់ ។ ឯកឧត្តម ក៏បានបន្តផងដែរថា ប្រសិទ្ធិភាពនៃការងារនេះ ក៏ទាមទារឲ្យមានការចូលរួមសហការពីគ្រប់កម្លាំងទាំងអស់ មិនថាកម្លាំងសមត្ថកិច្ច ឬកម្លាំងកងរាជអាវុធហត្ថឡើយ គឺត្រូវតែមានការសហការទាំងអស់គ្នា ទើបការអនុវត្តការងារថ្លឹងរថយន្តនេះ មានប្រសិទ្ធិភាពបានមួយកម្រិតទៀត ។
គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ៕