ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាង យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តាមរយៈប្រព័ន្ធ Online Zoom។
មានប្រសាសន៍បើកកិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទីនី បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហម គ្រប់រាជធានី-ខេត្តទាំងអស់ ដែលបានបំពេញសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន ក្នុងពេលដែល ប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩។ ក្នុងនោះដែរលោកជំទាវក៏បាន ធ្វើការណែនាំ និង ផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់យកទៅអនុវត្តនៅតាមបណ្តាសាខារាជធានី ខេត្ត ទាំង២៥ ឲ្យបានចំគោលដៅគ្រឹះទាំង០៧ របស់កាកបាទក្រហមកម្ពុជា ។
លោកជំទាវបានបន្តថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់សំខាន់ណាស់ គឺជាការជួបជុំ រួមគ្នាដើមម្បីពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ល្អៗ កែប្រែនូវចំនុចដែលខ្វះខាត់ ក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ ទៅលើចំនុចសំខាន់ៗរួមមាន៖ ទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ វិស័យអាទិភាពទាំង៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បី ធ្វើឲ្យផែនការយុទ្ធសាស្ត្រ ២០២១-២០២៣ ទទួលបានភាពជោជ័យតាមផែនការគ្រោងទុក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការគាំទ្រនិងឯកភាពចំពោះ យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ឯកឧត្តមក៏បានប្ដេជ្ញាថា នឹងខិតខំអនុវត្តឲ្យបានជោគជ័យ តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនងាយគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។
បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ របស់ លោក ម៉ឺង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានឧបត្ថម្ភអង្ករចំនួន០២តោន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គា្នរួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវី៥-១៩ និងកសាងភាពធន់របស់សង្គមជាតិ។