ព័ត៌មានជាតិ

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក

ខេត្តកែប៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងបានបង្ករឲ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០២គ្រួសារ ។ បន្ទាប់ពីទទួលបានរបាយការណ៍អំពីស្ថានភាពខាងលើ ព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិ ពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតផ្ទះសំបែងដល់ខ្នងផ្ទះ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

នៅក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរប្រកបដោយចិត្តសប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់សាសនា បក្សពួក ឬនិន្នាការនយោបាយឡើយ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់ក្រុមគ្រួសារត្រូវចេះដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វផ្សេងៗក្នុងផ្ទះដើម្បីជួយទ្រទ្រងជីវភាពគ្រួសារប្រចាំថ្ងៃ ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានអប់រំណែនាំឲ្យចេះថែរក្សាអនាម័យសុខភាពក្រុមគ្រួសារ និងខ្លួនឯងឲ្យបានល្អជាប្រចាំ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនក្នុងឱកាសនោះរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តកែប

SL

Leave a Reply

Your email address will not be published. Required fields are marked *